គេហទំព័របាងកក ប៉ុស្តិ៍ បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វេចាជីវ៉ា ដែលបានថ្លែងថា៖ «ប៉ុន្តែ នៅក្នុងពេលជាមួយគ្នានេះ យើងក៏បានបង្ហូតទង់ជាតិនៅទីនោះដែរ»។
នាយករដ្ឋមន្ត្រីថៃថ្លែងដូច្នេះ បន្ទាប់ពីលោកបានទទួលរបាយការណ៍ ដែលធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិថៃ ប្រាវីត វង្សសុវណ្ណ។ នៅក្នុងរបាយការណ៍នោះ ក៏មានបញ្ជូលផងដែរនូវព័ត៌មានស្តីពីការបង្ហូតទង់ជាតិជាតិនៅក្នុងតំបន់ជម្លោះ។
ប្រមុខកងទ័ពថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ក៏បានអះអាងថា ទង់ជាតិថៃក៏ត្រូវបានគេដោតនៅក្នុងតំបន់ជម្លោះនោះផងដែរ។ ប្រមុខកងទ័ពរូបនេះថ្លែងថា៖ «យើងធ្វើនេះទៅតាមបញ្ជា[របស់ថ្នាក់លើ]»។
យោងតាមបាងកក ប៉ុស្តិ៍ នាយករដ្ឋមន្ត្រីថៃ បានអះអាងថា កងទ័ពថៃ និងកម្ពុជា កំពុងតែប្រឈមមុខដាក់គ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាពតានតឹងនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងថៃ បានកម្រើកឡើងវិញ ជុំវិញការដាក់ផ្ទាំងថ្មរបស់កម្ពុជានៅមុខវត្តកែវសិក្ខាគិរីស្វរៈ ប៉ុន្តែ ផ្ទាំងថ្មចារឹកត្រូវបានផ្លាស់ប្តូរ និងដកចេញទៅវិញនៅពេលប៉ុន្មានថ្ងៃក្រោយមក។
កងទ័ពកម្ពុជា និងថៃ ស្ទើរតែផ្ទុះអាវុធដាក់គ្នាទៅហើយជុំវិញការដំឡើងផ្ទាំងថ្មចារឹករបស់កម្ពុជានៅក្នុងវត្តជិតប្រាសាទព្រះវិហារ។ តែទោះជាយ៉ាងណា ទាហានថៃបានដកថយទៅវិញក្រោយពីកម្ពុជាព្រមព្រៀងដកចេញផ្ទាំងថ្មចារឹកនោះ៕
No comments:
Post a Comment