Wednesday, February 2, 2011

ថៃ​បង្ហូត​ទង់​ជាតិ​នៅ​ក្នុង​តំបន់​ជម្លោះ​​​ជិត​ប្រាសាទ​ព្រះវិហារ

បាងកក៖ សេចក្តី​រាយការណ៍​នៃ​គេហ​ទំព័រ​របស់​​កាសែត​ថៃ បាន​ឲ្យ​ដឹង​ថា ថៃ​បាន​បង្ហូត​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មាន​ជម្លោះ ជិត​ប្រាសាទ​ព្រះវិហារ​ បន្ទាប់​ពី​ប្រទេស​ថៃ​​បាន​ទទូច​ឲ្យ​កម្ពុជា​ដក​ទង់​ជាតិ​កម្ពុជា​ ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វរៈ។
គេហ​ទំព័រ​បាងកក ប៉ុស្តិ៍ បាន​ដក​ស្រង់​សម្តី​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា ដែល​បាន​ថ្លែង​ថា​៖ «ប៉ុន្តែ នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ យើង​ក៏​បាន​បង្ហូត​ទង់​ជាតិ​នៅ​ទីនោះ​ដែរ»។
នាយក​រដ្ឋ​មន្ត្រី​ថៃ​ថ្លែង​ដូច្នេះ​ បន្ទាប់​ពី​លោក​បាន​ទទួល​របាយការណ៍​ ដែល​ធ្វើ​ឡើង​ដោយ​លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ ប្រាវីត វង្សសុវណ្ណ។ នៅ​ក្នុង​របាយការណ៍​​នោះ ក៏​មាន​បញ្ជូល​ផង​ដែរ​នូវ​​ព័ត៌មាន​ស្តី​ពី​ការ​បង្ហូត​ទង់​ជាតិ​ជាតិ​នៅ​ក្នុង​តំបន់​ជម្លោះ។
ប្រមុខ​កង​ទ័ព​ថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ក៏​បាន​អះ​អាង​ថា ទង់​ជាតិ​ថៃ​ក៏​ត្រូវ​បាន​គេ​ដោត​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​ផង​ដែរ។ ប្រមុខ​កង​ទ័ព​រូប​នេះ​ថ្លែង​ថា៖ «យើង​ធ្វើ​នេះ​ទៅ​តាម​បញ្ជា​[របស់​ថ្នាក់​លើ]»។
យោង​តាម​បាងកក ប៉ុស្តិ៍​ នាយក​រដ្ឋ​មន្ត្រី​ថៃ បាន​អះ​អាង​ថា កង​ទ័ព​ថៃ និង​កម្ពុជា កំពុង​តែ​ប្រឈម​មុខ​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​នៅ​តាម​បណ្តោយ​ព្រំ​ដែន​។
នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ភាព​តាន​តឹង​នៅ​តាម​ព្រំ​ដែន​​រវាង​ប្រទេស​កម្ពុជា និង​ថៃ បាន​កម្រើក​ឡើង​វិញ ជុំ​វិញ​ការ​ដាក់​ផ្ទាំង​ថ្ម​របស់​កម្ពុជា​នៅ​មុខ​វត្ត​កែវសិក្ខាគិរីស្វរៈ ប៉ុន្តែ ផ្ទាំង​ថ្ម​ចារឹក​ត្រូវ​បាន​ផ្លាស់​ប្តូរ និង​ដក​ចេញ​ទៅ​វិញ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។
កង​ទ័ព​កម្ពុជា និង​ថៃ ស្ទើរ​តែ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ទៅ​ហើយ​ជុំ​វិញ​ការ​ដំឡើង​ផ្ទាំង​ថ្ម​ចារឹក​របស់​កម្ពុជា​នៅ​ក្នុង​វត្ត​ជិត​ប្រាសាទ​ព្រះវិហារ។ តែ​ទោះ​ជា​យ៉ាង​ណា ទាហាន​ថៃ​បាន​ដក​ថយ​ទៅ​វិញ​ក្រោយ​ពី​កម្ពុជា​ព្រម​ព្រៀង​ដក​ចេញ​ផ្ទាំង​ថ្ម​ចារឹក​នោះ៕

ក្រុមអាវលឿងបង្ខំឲ្យរដ្ឋាភិបាលជួយដល់ជនជាតិថៃ២នាក់ដែលជាប់ឃុំនៅកម្ពុជា

បាងកក៖ មេដឹកនាំ​ក្រុម​អាវ​លឿង​ ចម្លង ស្រីមឿង បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​០២ កុម្ភៈ​នេះ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ជួយ​​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​ថៃ​ ២​នាក់ ដែល​ជាប់​ឃុំ​នៅ​ប្រទេស​កម្ពុជា ហើយ​នាំ​ពួកគេ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​នៅ​ក្នុង​រយៈ​ពេល ៣​ថ្ងៃ ឬ​ក៏​ប្រឈម​មុខ​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​ក្រុម​បាតុករ​អាវ​លឿង។
ចម្លង ស្រីមឿង មេដឹកនាំ​ក្រុម​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (PAD) ឬ​ក្រុម​អាវ​លឿង ត្រូវ​បាន​គេហ​ទំព័រ​បាងកក ប៉ុស្តិ៍ ដក​ស្រង់​សម្តី​ ដែល​បាន​និយាយ​ថា​៖ «យើង​នឹង​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ដល់​ថ្ងៃ​ទី​០៥ កុម្ភៈ ដើម្បី​ធ្វើ​តាម​ការ​ទាម​ទារ។ ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ធ្វើ​ដូច្នេះ​ទេ ក្រុម​ PAD នឹង​​ប្រកូក​ប្រកាស​ក្រុម​អាវ​លឿង ឲ្យ​មាន​​ការ​តវ៉ា​តាម​ដង​ផ្លូវ​ដ៏​ធំ​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល ឲ្យ​ទទួល​ខុស​ត្រូវ​សម្រាប់​បរាជ័យ​បែប​នេះ»។
បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​បន្ត​ថា អតីត​មេទ័ព​ចូល​និវត្តន៍​រូប​នេះ​បាន​បដិសេធ​ទៅ​នឹង​សេចក្តី​រាយការណ៍​នានា ថា ក្រុម​ប្រជា​ជន​អាវ​លឿង​ មាន​ផែនការ​ដុត​បំផ្លាច​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​បាងកក ដើម្បី​ជា​ការ​សង​សឹក​ទៅ​នឹង​ការ​​កាត់​ទោស​​ដាក់​ពន្ធនាគារ​ជន​ជាតិ​ថៃ ២​នាក់ ពី​សំណាក់​តុលាការ​រាជ​ធានី​ភ្នំពេញ។
បាងកក ប៉ុស្តិ៍ បាន​ស្រង់​សម្តី​របស់ ចម្លង ស្រីមឿង ដែល​បាន​ថ្លែង​ថា​៖ «ក្រុម​ PAD នឹង​​មិន​អុច​អាល​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​ទេ។ ប្រសិន​បើ​ស្ថានទូត​កម្ពុជា ពិត​ជា​ត្រូវ​បាន​ដុត​មែន វា​នឹង​មិន​មាន​អ្វី​ត្រូវ​ចោទ​មក​លើ​ក្រុម​អាវ​លឿង​ឡើយ»។
តុលាការ​កម្ពូជា កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ បាន​កាត់​ទោស​ វីរៈ ស៊ុំខ្វាមឃីត សហការី​​នៃ​បណ្តាញ​អ្នក​ស្នេហា​ជាតិ​ថៃ (TPN) ឲ្យ​ជាប់​គុក​ ៨​ឆ្នាំ ហើយ​ រាទ្រី ផៃផាតាណាផៃប៊ូន ជាប់​ទោស​ ៦​ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ចារកម្ម និង​ឆ្លង​ដែន​ខុស​ច្បាប់៕